
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។

ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ និងចំណូល មានការចេញមកវាយប្រហារថារ ដ្ឋអស់លុយហើយ និងការចំណាយកាន់តែប៉ោងទៅ។

សម្តេច បានបន្តថា ការប៉ោងថវិកា ដោយសារតែកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពប្រជាជន និងការដំឡើងបៀវត្សរ៍មន្ត្រីរាជការ ហើយប៉ោងថវិកាជាងគេ គឺការជួយសង្គម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុន គ្រាន់តែក្រសួងសង្គមកិច្ច យើងយឺតបន្តិច តែម្តងគត់ ប្រហែលមួយអាទិត្យ គេចេញមកថា រដ្ឋអស់លុយហើយ។ ខ្ញុំសូមបញ្ជាក់ឡើងវិញ រដ្ឋមិនអស់លុយទេ ហើយមិនត្រឹមតែមិនអស់លុយ ក្នុងការធានាចរន្តប្រៀបធៀបទៅឆ្នាំ២០២៤ទេ តែយើងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សរ៍ជូនមន្ត្រីរាជការ និងបង្កើនថវិកាជួយប្រជាជន តាមប្រព័ន្ធគាំពារសង្គមទៀត ហើយអត់មានយឺតទេ»។

សូមជម្រាបថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ មានវិសាលភាពគ្របដណ្ដប់ពលរដ្ឋបានចំនួនជាង ៧,៥លាននាក់ ត្រឹមដំណាច់ឆ្នាំ២០២៤។ តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ៕

Leave a Reply