
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ) ដើម្បីអនុវត្តគម្រោងចំនួន២សំខាន់ៗ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងចំនួន២ ដែលត្រូវបានចុះហត្ថលេខាផ្ដល់ជំនួយនេះ រួមមាន៖
ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ ក្នុងថវិកាគម្រោង ចំនួន៨៣,៦៧២ដុល្លារអាមេរិក។ រថយន្តនេះ មានមុខងារនឹងជួយឲ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។

ទី២៖ គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន១៥៤,៣៧៦ដុល្លារអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ ចំនួន១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង។

លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខានាពេលនេះ៕




Leave a Reply