សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពានណាមួយ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប្រទេសកម្ពុជា គឺរក្សាជំហរដោះស្រាយតាមសន្ដិវិធី ប៉ុន្ដែកម្ពុជានឹងប្រើកងកម្លាំង និងអាវុធ ប្រសិនបើមានការឈានពានចូលបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រឿងបញ្ហាព្រំដែនអ្នកណាក៏គិតដែរ មិនមែនមានតែអ្នកជាតិនិយមរត់ចោលស្រុកនោះទេ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល មន្រ្ដីកិច្ចការព្រំដែន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសសុទ្ធតែជាអ្នកជាតិនិយម ហើយជាអ្នកជាតិនិយមឆ្អិនឆ្អៅថែមទៀត។ 

បើមន្រ្ដីកិច្ចការព្រំដែន ធ្វើកិច្ចការងារលើការចរចារឿងព្រំដែនជាមួយប្រទេសជិតខាងដាច់បាយដាច់ទឹក ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ប៉ុន្ដែរឿងព្រំដែននេះមិនមែនជារឿងងាយស្រួលដោះ១ថ្ងៃចប់នោះទេ ខណៈសូម្បីតែទំនាស់ដីធ្លីក្នុងគ្រួសាររឿងព្រំដីក្នុងប្រទេសផងត្រូវចំណាយពេលដោះស្រាយជាង ២០ឆ្នាំក៏មានដែរ។

សូមគូសបញ្ជាក់ថា តំបន់មុំ៣ទៅដល់ចំណុចតំបន់ចាំយាម គឺមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់នៅឡើយទេ ប៉ុន្ដែមានផែនទីក្នុងឆ្នាំ១៩០៨ ដែលធ្វើដោយក្រុម គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដូច្នេះក្នុងរយៈពេលតាំងពីឆ្នាំ ១៩៩៨ រហូតមក រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើលើកិច្ចការងារព្រំដែនេះ តាមគោលការសន្ដិវិធី និងនីតិវិធីច្បាប់អន្តរជាតិ៕