
សៀមរាប ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថាប័នអាជ្ញាធរជាតិអប្សរាបានដើរតួនាទីអភិរក្ស ដោយមានការជ្រោមជ្រែងជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី-អង្គរ) ការជួយជ្រោមជ្រែងពីបណ្តាប្រទេសអន្តរជាតិជាមិត្ត ជាពិសេស ជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ។

ក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរាបានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងបេតិកភណ្ឌអរូបី ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។

ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២៣ អង្គរ ត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់ និងយកធ្វើជាគំរូ ក្នុងការអនុវត្តទៅលើបេតិកភណ្ឌផ្សេងទៀតលើពិភពលោក ក្នុងចំណោមបេតិកភណ្ឌ៣ប្រភេទ គឺបេតិកភណ្ឌក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌជោគជ័យ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ធ្វើឡើងក្រៅពីរម្លឹកការដំណើរការដំបូងនៃអាជ្ញាធរជាតិអប្សរា ការខិតខំប្រឹងប្រែងកន្លងមក របស់បុព្វការីជន និងឥស្សរជនជាតិ អន្តរជាតិគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕



Leave a Reply