
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យបញ្ចប់រឿង បណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ តាមរបៀប ឈ្នះ ឈ្នះ និងសហការគ្នា ហើយបន្តការងាររៀងៗខ្លួន។

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង ថែមទឹកត្រី និងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ»។

សម្ដេច បន្ដថា «តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជា អ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន»។

សម្ដេច បន្ថែមថា «សង្ឃឹមថា អ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕
សូមរំលឹកថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី រហូតកើតជាជម្លោះពាក្យសម្តី៕

Leave a Reply