
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជាទូទៅ សិទ្ធិអំណាចក្នុងការរៀបចំ ដឹកនាំ និងធានាប្រក្រតីភាពនៃកិច្ចប្រជុំរៀងរាល់ខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ជាតួនាទីភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា។

ប៉ុន្តែសមាជិកក្រុមប្រឹក្សាដែលត្រូវបានផ្តល់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិយោបល់នៅក្នុងអង្គប្រជុំ ក៏អាចស្នើសុំលើកយករបៀបវារៈប្រជុំផ្សេងៗក្រៅពីប្រជុំសាមញ្ញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន និងជាអ្នកដែលនៅជិតប្រជាពលរដ្ឋបំផុតបន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនេះបង្ហាញគណនេយ្យភាព តម្លាភាពរបស់សមាជិកក្រុមប្រឹក្សាទោកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលជាម្ចាស់សន្លឹកឆ្នោត។

អ្នកនាំាពាក្យដដែល ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវចេះប្រើប្រាស់សិទ្ធិ និងតួនាទី ភារកិច្ច តាមរយៈការចូលរួមធ្វើសកម្មភាពនានាដែលខ្លួនគិតថា មានភាពចាំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាមានតួនាទី ភារៈកិច្ចធានាដល់អនុលោមភាពនៃការប្រើប្រាស់អំណាច និងតួនាទីរបស់ក្រុមប្រឹក្សា ក្នុងការចូលរួមកិច្ចប្រជុំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ។ ការចូលរួមលើកយករបៀបវារៈប្រជុំនានារបស់សមាជិកក្រុមប្រឹក្សា គឺបានបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន៕

Leave a Reply