លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពាវនាវអ្នកអភិវឌ្ឍលំនៅស្ថាន រួមគ្នាអនុវត្តអនុសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងនៅសមរម្យ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅស្ថានទាំងអស់ រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឃើញប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងរស់នៅសមរម្យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សារណៈ និងជំនួបធុរកិច្ច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

លោក បានអបអរសាទរ ដែលសមាគម សវសសក បានប្តូរអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្មនិងស្ថាបត្យកម្មពីប្រទេសចិន, សមាគមអតីតនិស្សិតខ្មែរមកពីប្រទេសសឹង្ហបុរី, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, សមាគមអភិវឌ្ឍឧស្សាហកម្មរ៉ូបូតកម្ពុជា និងសហគមន៍ INNEX ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា «អីចឹងបើយើង ៣ ឬ ៤នាក់ យើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជួយគ្នាទៅវិញទៅមក ហើយជួយ Formulate policy (បង្កើតគោលនយោបាយ)។ ខ្ញុំអនុវត្តគោលនយោបាយរបស់សម្តេចធិបតី។ សម្តេចធិបតី មានប្រសាសន៍ថា ឥលូវធ្វើម៉េចឲ្យប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងនៅស្រួលបួល ជីវភាពសមរម្យ»៕