រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ស្របតាមផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ការលើកឡើងបែបនេះ របស់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី H.E Mrs. Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា «Cambodia Social Media and Digital Media Reporting» នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញការជឿជាក់ថា ប្រទេសតួកគីយេ នឹងចូលរួមសហការជាមួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាល ពង្រឹងគុណភាពមនុស្សផ្នែកសារព័ត៌មាន ការបណ្តុះបណ្តាលនេះនឹងផ្តល់ផលល្អដល់អ្នកសារព័ត៌មាន មន្ត្រីដែលធ្វើកិច្ចការងារព័ត៌មាន យល់ពីតួនាទី ភារកិច្ច ជំនាញរបស់ខ្លួនច្បាស់លាស់នៅពេលសរសេរព័ត៌មានចេញទៅមិនបង្កើតឱ្យយល់ច្រឡំរវាងប្រទេសកម្ពុជា និងតួកគីយេ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្តើមវគ្គបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយការគាំទ្រពីសាជីវកម្មវិទ្យុ និងទូរទស្សន៍ តួកគីយ៉េ (TRT) និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) របស់ប្រទេសតួកគីយេ គឺជាការចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ ទៅលើគម្រោងផែនការរួមរបស់ក្រសួងព័ត៌មាន ទៅលើការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សនៅក្នុងវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ដូច្នេះ វិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល»៕