លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីជាន់ខ្ពស់កម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា សមិទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» បានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី « ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងមានសិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៧ ជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលបំណងសំខាន់វគ្គបណ្តុះបណ្តាលនេះ គឺផ្តល់គាំទ្រជាចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងអំពីការផ្លាស់ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អ និងផលិតភាពខ្ពស់ ដែលផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដូចដែលសិក្ខាកាមជំនាន់មុនៗ បានធ្វើរួចមកហើយ ដោយយកចិត្តទុកដាក់និងបំពេញតាមលក្ខខណ្ឌនានារបស់វគ្គ ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ថ្មីៗ យកទៅដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ និងអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕