
ភ្នំពេញ ៖ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព រហូតដល់មន្ត្រីចូលនិវត្តន៍ប្រកបដោយឧត្តមភាព។

ទន្ទឹមនេះ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងក្លាយជាឱកាសក្នុងការពង្រឹងខ្លួន កាន់តែរឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពកូនខ្មែរជាពិសេសក្នុងបរិបទឌីជីថល ដើម្បីបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងកាន់តែសកម្មក្នុងកម្រិតប្រកួតប្រជែងជាលក្ខណៈតំបន់ និងសាកល នោះគឺ ប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា «ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាពិសេសការចំណាយលើបន្ទុកបុគ្គលិក ពោលគឺការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពដោយមានមន្ត្រីដែលពោរពេញទៅដោយសមត្ថភាព មានគុណវុឌ្ឍិ ចំណេះជំនាញ ជាក់លាក់ និងអាចសម្រេចចេញជាសមិទ្ធកម្មច្បាស់លាស់ពិតប្រាកដ សម្រាប់ជាតិ និងប្រជាជន»។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈនេះ មិនមែនទើបតែចាប់ផ្តើមធ្វើឡើងតែក្នុងពេលនេះ ឬធ្វើតែនៅកម្ពុជានោះទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តការអនុវត្តដោយសម្រួចមុំ ហើយការងារទាំងនេះត្រូវបានមើលឃើញថាមានអនុវត្តនៅតាមប្រទេសនានាជាច្រើនក្នុងតំបន់ និងលើពិភពលោក៕


Leave a Reply