រដ្ឋផ្តល់ថវិកា ១៨លានដុល្លារឲ្យមន្ទីរពេទ្យបង្អែកស្រុកពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់

រដ្ឋាភិបាល សម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារ នៅក្នុងឆ្នាំ២០២៥នេះ ដល់មន្ទីរពេទ្យបង្អែកស្រុកកម្រិត២  ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) អាយុជីវិតប្រជាពលរដ្ឋ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលពីចុងសប្តាហ៍កន្លងទៅថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បើតាមសម្តេច រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់គោលដៅច្បាស់លាស់ចាប់តាំងពីដើមអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ ជាងមួយឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចកិច្ចការធំៗមួយចំនួនក្នុងវិស័យសុខាភិបាល។ ក្នុងនោះបុគ្គលិកសុខាភិបាល៧០០នាក់ ត្រូវបានជ្រើសរើសនៅឆ្នាំ២០២៤ ហើយត្រូវជ្រើសរើសបន្ថែមជាង៦៥០នាក់ទៀតនៅឆ្នាំនេះ ដើម្បីបំពេញការងារនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។

សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការបំពេញបុគ្គលិកសុខាភិបាលនឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលឈានទៅរកការផ្ដល់សេវា២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត៕