
ពិធីកោរជុក គឺជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយ ក៏ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្នពិធីនេះ ហាក់មិនសូវមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។

បើទោះជាយ៉ាងណាអ្នកស្រុកអង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សានិងប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះ ដើម្បីបន្តមរតកវប្បធម៌របស់ដូនតាខ្មែរ។

ជាក់ស្តែង កាលពីថ្ងៃអាទិត្យ មានពលរដ្ឋមួយគ្រួសារ មកពីខេត្តឧត្តរមានជ័យបានធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុក ក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង គឺដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យ និងមានការទទួលខុសត្រូវ។

ខ្មែរបុរាណធ្វើពិធីនេះឡើងសម្រាប់ក្មេងស្រីប្រុស ដែលជំទង់ពុំទាន់ពេញវ័យ ឱ្យឈានចូលទៅពេញ

វ័យ។ ពិធីកោរជុក ឬខ្លះហៅថា ពិធីឆ្លងវ័យនេះ តាមប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងគ្រួសារ និងក្នុងសង្គម ស្របទៅតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។

ពិធីនេះ ក៏ជាពេលវេលាកំណត់នៃកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរៀនចំណេះដឹងខាងសេដ្ឋកិច្ច ឬរបៀបគ្រប់គ្រងគ្រួសារជាដើម៕
Leave a Reply