ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា តួនាទីដ៏លេចធ្លោរបស់វត្តអារាម ក្លាយជាចលករមួយ មិនអាចកាត់ផ្តាច់ពីដំណើរជីវិតពលរដ្ឋខ្មែរ និងការអភិវឌ្ឍសង្គម

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។

ព្រះអង្គ មានព្រះរាជបន្ទូល បន្តថា តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរក៏បានរួមវិភាគទានដ៏ សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖ ទី ១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម ។ ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង ។ ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ និងទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ញាប និងថែរក្សាអត្តសញ្ញាណ ព្រលឹង ជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ។ 

បន្ថែមពីលើនេះទៀត ព្រះអង្គទ្រង់មានព្រះរាជបន្ទូលទៀតថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នវត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត ។ ក្នុងចំណោមនោះមានមួយចំនួនបានក្លាយ ទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ ។ 

ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះមហាក្សត្រកោតសរសើរជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏ អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើង វិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ព្រះអង្គមានព្រះរាជបន្ទូលគូសបញ្ជាក់ថា អារាមនេះគឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែង ដែលបានផ្តល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គផងដែរ ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ៕