រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានី រយៈពេល៣ថ្ងៃ មុខវត្តឧណ្ណាលោម

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្ដែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។

ដូចនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ “សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ” រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅ ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្ត ឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ ។

រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងពិធី ប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចៅរាជធានីភ្នំពេញទាំងអស់ឱ្យបានច្រើនកុះករ ។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ រាជសីហ៍០៤