
ព្រៃវែង៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ងិន បាលណាល់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកបាភ្នំ។

ក្នុងឧកាសនេះ ឯកឧត្តមបណ្ឌិត ងិន បាលណាល់ បានសរសើរក្រុមការងារគណបក្សស្រុកបាភ្នំទាំងអស់ នៅក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មបំផុត ដើម្បីបម្រើប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចុះជួបសំណេះសំណាលជាប្រចាំ និងសកម្មភាពសម្បុរសធម៌ជាច្រើន ដើម្បីសង្គមជាតិ និងការអភិវឌ្ឍ។

ឯកឧត្តមបណ្ឌិត ងិន បាលណាល់ មានប្រសាសន៍ថា ការធ្វើដំណើររួមគ្នាក្រោមដំបូលសន្តិភាព ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អស់រយៈពេល ៤៦ឆ្នាំមកនេះ គឺមានការគាំទ្រយ៉ាងរឹងមាំនៅទូទាំងប្រទេស ទាំងនៅទីប្រជុំជន និងនៅតាមតំបន់ជនបទ។

ឯកឧត្តមបណ្ឌិត បន្តថា គណបក្សប្រជាជនកម្ពុជា បានកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការផ្តល់សេវាសាធារណៈ។ គណបក្ស បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គមក្រោមម្លប់នៃសុខសន្តិភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ស្មើឲ្យក្រុមការងារគណបក្សប្រជាជនស្រុកបាភ្នំទាំងអស់ បន្តសាមគ្គីគ្នាជាធ្លុងអនុវត្តគោលនយោបាយរបស់គណបក្ស បម្រើដល់ប្រជាពលរដ្ឋមូលដ្ឋានដោយស្មោះអស់ពីចិត្ត គោលដៅលើកជីវភាពប្រជាជន និងប្រទេសជាតិយើងអភិវឌ្ឍរុងរឿង ស្មើមុខមាត់លើឆាកអន្តរជាតិ៕





Leave a Reply