ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយដ្ឋានអន្តោប្រវេសន៍ រិះរកវិធីសាស្រ្តយ៉ាងណា ដើម្បីរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ។ ពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេស ចូលស្នាក់នៅតាមបណ្ដារោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅនានា ដូចជា សណ្ឋាគារនិងផ្ទះសំណាក់ជាដើម ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ណែនាំបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញចំណុចលេចធ្លោចំនួន០៣ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ការងារទី០១ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួចនិងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ចនិងបច្ចេកវិទ្យា ។ ការងារទី០២ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ(២០២៤-២០២៨) និងលទ្ធផលលេចធ្លោទី០៣ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាព ការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេតនិងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និង ការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់ បន្តយកចិត្តទុកដាក់លើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីឱ្យដឹងថា តើការងារជាងមួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ? និងមានតម្រូវការអ្វីខ្លះ? និងពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរមន្រ្តីជួរមុខតាមបណ្ដាលច្រកទ្វារ ដែលធាត់ខ្លាំងឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ ៕ ដោយ ៖ រាជសីហ៍០២