ឥណ្ឌូនេស៊ីចាប់ខ្លួន អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសំណុំរឿងសង្ស័យពុករលួយការនាំចូលស្ករ

ហ្សាការតា ៖ អាជ្ញាធរឥណ្ឌូនេស៊ីស៊ើបអង្កេតអំពើពុករលួយ បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ថូម៉ាស ឡឹមបុង ដោយសង្ស័យ ថាបានផ្តល់លិខិតអនុញ្ញាតនាំចូលស្ករសមិនត្រឹមត្រូវ ក្នុងឆ្នាំ២០១៥ ដែលនាំឱ្យខាតបង់ថវិកាប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ 

ការិយាល័យជំនាញបាននិយាយថា លោក ថូម៉ាស ឡឹមបុង ត្រូវបានគេដាក់ឈ្មោះជាជនសង្ស័យ ហើយត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ដោយព្រះរាជអាជ្ញាមកពីការិយាល័យអគ្គមេធាវី ដោយចោទប្រកាន់ថា បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ នាំចូលស្ករនៅពេលដែលប្រទេសឥណ្ឌូនេស៊ី មានស្តុកស្ករលើសតម្រូវការ ។

ព្រះរាជអាជ្ញាលោក អាប់ឌុល កូហារ បានប្រាប់សន្និសីទសារព័ត៌មានថា នៅពេលនោះ ប្រទេសឥណ្ឌូនេស៊ីមិនចាំបាច់នាំចូលស្ករទេ ប៉ុន្តែលោកថូម៉ាស ឡឹមបុង បានផ្តល់ការអនុញ្ញាតឱ្យនាំចូលស្ករគ្រីស្តាល់ឆៅចំនួន ១០៥.០០០(ដប់ម៉ឺនប្រាំពាន់) តោន ដោយមិនមានការពិគ្រោះយោបល់ជាមួយស្ថាប័នរដ្ឋផ្សេងទៀត ឬអនុសាសន៍ពីក្រសួងឧស្សាហកម្មនោះទេ ដោយលោកបានបន្ថែមថា ការសម្រេចចិត្តនេះបាននាំឱ្យមានការខាតបង់ថវិកាចំនួន ជាង២៥លានដុល្លារ។ តាមទិន្នផលស្កររបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៥ មានចំនួន ២,៤៩លានតោន ខណៈដែលការប្រើប្រាស់មាន ២,១២ លានតោន។

សូមរម្លឹកថា លោក ថូម៉ាស ឡឹមបុង អតីតម្ចាស់ធនាគារវិនិយោគមួយរូប និងជារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ីនៅចន្លោះឆ្នាំ ២០១៥និង២០១៦ និងជាជំនួយការជិតស្និទ្ធរបស់អតីតប្រធានាធិបតីលោក ចូកូ វីដូដូ ។ បន្ទាប់ចាកចេញពីតំណែងនៅឆ្នាំ២០១៩ គាត់បានក្លាយទៅជាអ្នករិះគន់យ៉ាងចាស់ដៃបំផុត ចំពោះរដ្ឋាភិបាលរបស់ចូកូ វីដូដូ ៕ ដោយ ៖ រាជសីហ៍០៤