ឯកឧត្តម ឌិត ទីណា អញ្ជើញទៅហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នាលើវិស័យកសិកម្ម និងកសិពាណិជ្ជ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បានឲ្យដឹងថា ហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ ហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។

ឯកឧត្តម Francisco បន្តថា ហ្វីលីពីនកំពុងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្ម។ ក្រសួងកសិកម្មហ្វីលីពីន ទទួលបានសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាសហរដ្ឋអាមេរិកជារៀងរាលឆ្នាំ។

ក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន។

សូមបញ្ជាក់ថា អនុសារណៈយោគយល់គ្នាដែល កម្ពុជា-ហ្វីលីពីន បានចុះនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕