
កណ្ដាល ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា សម្ដេច មិនដែលលូកដៃ ឬជ្រៀតជ្រែកទៅលើកិច្ចការ ឬការសម្រេចចិត្តណាមួយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាឡើយ។

ការបញ្ជាក់របស់ សម្ដេចតេជោ ជាថ្មីនាពេលនេះ ខណៈជនជាតិបរទេស រួមទាំងជនជាតិខ្មែរ ដែលមាននិន្នាការប្រឆាំងមួយចំនួន នៅតែព្យាយាមចោទប្រកាន់មកលើ សម្ដេច ថា បានបង្គាប់បញ្ជាពីក្រោយខ្នង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាកូន ពាក់ព័ន្ធនឹងកិច្ចការដឹកនាំប្រទេស។ ការចោទប្រកាន់ច្រំដែលនេះ ត្រូវបាន សម្ដេចតេជោ ព្រមាន និងបញ្ជាក់ទៅកាន់អ្នកទាំងនោះថា «ទោះបីជា ឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំករុណាខ្ញុំមិនលូកលាន់ចំពោះកិច្ចការនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីទេ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ឆ្លើយតបនឹងការសរសេររបស់បរទេសខ្លះ ថា តើ ហ៊ុន ម៉ាណែត ពេលណានឹងដើរចេញផុតពីស្រមោលឪពុក ឬក្រុមថ្មី ពេលណានឹងដើរចេញពីស្រមោលគណបក្សប្រជាជនកម្ពុជា? សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំឱ្យអ្នកទាំងនោះប្រឹងឈ្វេងយល់ឱ្យបានជ្រៅបន្តិច ហើយត្រូវនិយាយស្ដីប្រកបដោយចំណេះដឹង ឱ្យសមនឹងខ្លួនដែលបានរៀននៅប្រទេសមានប្រព័ន្ធអប់រំទំនើប។ សម្ដេច ថា សម្ដីនេះ បានបង្ហាញចេញនូវភាពល្ងង់ខ្លៅរបស់ជនបរទេសទាំងនោះ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលបន្តវេន ក្នុងអាណត្តិទី៧ ដែលរយៈពេល១៧ខែនេះ បានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ដោយធានាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ ដែលកំពុងមានសព្វថ្ងៃ៕




Leave a Reply