ឯកឧត្តម ឃួង ស្រេង ណែនាំអាជ្ញាធរគ្រប់ប្រភេទ ត្រូវពង្រឹងការងារបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំជាថ្មីម្ដងទៀតឱ្យអាជ្ញាធរគ្រប់ខណ្ឌ និងសង្កាត់ពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងសមាសភាពជនបរទេសឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាពល្អប្រសើរដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាល បានណែនាំបែបនេះម្ដងទៀត នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយសង្កត់ធ្ងន់ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។

ឯកឧត្តមអភិបាលរាជធានី បន្តថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឱ្យបានម៉ឺងមាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ថ្នាក់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្កចលាចល និងបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សំរាប់អាជ្ញាធរខណ្ឌនៅជាយរាជធានី ត្រូវសហការជាមួយអាជ្ញាធរបណ្ដាស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឱ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំង១៤ ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស៕