កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាព

កម្ពុជា និងថៃ បានប្រកាសប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការប្តេជ្ញារវាង កម្ពុជា-ថៃ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជានាពេលកន្លងមក ពិសេសភាពជោគជ័យលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះបានបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រមទាំងអនុវត្តវិធានការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំយ៉ាងមានប្រសិទ្ធភាពជាដើម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តមឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យក៏បានលើកឡើងអំពីការចាប់អារម្មណ៍ចំពោះវិធីសាស្ដ្រ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់ឯកឧត្តមសន្ដិបណ្ឌិត ដែលទទួលបាននូវប្រសិទ្ធភាពជាច្រើន រួមទាំងការបង្កើត App NoDrug ជាដើម។ កម្មវិធី ឬ App NoDrug បានប្រមូលផ្ដុំទៅដោយការអប់រំតាមប្រព័ន្ធឌីជីថល និងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅក្នុងសហគមន៍នោះ។ បន្ថែមពីនេះទៀតលោកឧត្តមសេនីយ៍ឯកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នាពេលកន្លងមកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ និងការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់ភាគីថៃ ដែលជាមិត្តដ៏ល្អ និងបានជួយគ្នាលើគ្រប់វិស័យ។ ដោយឡែកចំពោះការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ភាគីថៃបានដើរតួនាទីយ៉ាងសំខាន់ដល់កម្ពុជា ទាំងការងារជំនាញការផ្លាស់ប្ដូរព័ត៌មានការងារជំនួយសម្ភារបច្ចេកទេស។ ជាក់ស្ដែងជំនួយសម្ភារៈឧបករណ៍បច្ចេកទេសនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញអំពីការគិតគូររបស់ភាគីថៃ មកលើកម្ពុជា ហើយជំនួយទាំងអស់នេះប្រៀបដូចភាគីថៃ ចូលរួមជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។

កិច្ចជំនួបនោះដែរឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពមួយ ក្នុងនោះមានក្បាលម៉ាស៊ីនដឹកនាំដ៏រឹងមាំ និងមានការចូលរួមពីគ្រប់វិស័យ គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឲ្យការងារនេះកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបញ្ហាក្នុងសហគមន៍ បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្រៅពីជំនួបនោះឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដ និងឧបករណ៍តេស្ដរកសារធាតុញៀនតាមទឹកមូត្រ ដែលធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃផងដែរ៕