
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូប ដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគួរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។

ឯកអគ្គរាជទូត ដែលទើបតំាងទំាងបួនរូប ដែលបានចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មាន លោក ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប លោក ជ័យ រដ្ឋា ឯកអគ្គរាជទូត ប្រចាំប្រទេសប្រ៊ុយណេដារូស្សាឡាម លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូត ប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ និង លោក ស៊ិន សារៀម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន ជាដើម។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងបន្តថា ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

លោក ជា ច័ន្ទបរិបូរណ៌ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានលើកឡើងពីការតំាងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា៕


Leave a Reply