ផ្លូវថ្មើរជើងថ្មី (Walk Street) នៅរាជធានីភ្នំពេញ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនមកដើរលេងកម្សាន្ត 

ផ្លូវថ្មើរជើងថ្មី (Walk street) បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទៅដើរលេងកម្សាន្តកាន់តែអ៊ូរអរ និងកុះករបំផុត បន្ទាប់ពីទទួលព័ត៌មានកាន់តែទូលំទូលាយ អំពីការបើកដំណើរការផ្លូវជាបណ្តោះអាសន្ន នៅតំបន់ដែលមានការទាក់ទាញទស្សនីយ៍ភាពដ៏សំខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ២សប្តាហ៍មកនេះ ជាការដាក់ដំណើរការសាកល្បងក៏ពិតមែន ប៉ុន្តែពី១សប្តាហ៍ទៅ១សប្តាហ៍ កំណើនទេសចរណ៍កាន់តែកើនឡើងជាបន្តបន្ទាប់។ ខណៈភ្ញៀវកាន់តែមកកម្សាន្តច្រើនផងនោះ កិច្ចការងារសន្តិសុខសុវត្ថិភាព របៀបរៀបរយសាធារណៈ ក៏ដូចជាបរិស្ថានអនាម័យ ក៏ជាការងារស្នូលដ៏សម្ខាន់របស់អាជ្ញាធររាជធានីដែលចាំបាច់ត្រូវគិតគូរ និងរក្សាឱ្យបានផងដែរ ។

ពលរដ្ឋ សម្តែងការពេញចិត្ត និងគាំទ្រចំពោះការរៀបចំឱ្យមានផ្លូវង្មើរជើងថ្មីនេះ ដែលបានផ្តល់នូវទីធ្លាដ៏ធំទូលាយ អាចអនុញ្ញាត្តិឱ្យមនុស្សម្នាក់ទូទៅជាច្រើន បានដើរលេងកម្សាន្ត ក៏ដូចជាហាត់ប្រាណ នាថ្ងៃល្ងាចឡើងរៀងរាល់ចុងសប្តាហ៍ ដោយមិនព្រួយបារម្ភពីឡាន ឬម៉ូតូបើកឆ្លងកាត់លើដងផ្លូវ។

ការដាក់ឱ្យដំណើរការសាកល្បងក្នុងជំហានដំបូងនេះ គឺត្រូវបិទលំហូរចរាចរណ៍នៅលើតីរវិថីព្រះស៊ីសុវត្ថិ ដោយគិតចាប់ពីវិថីបក្សីចាំក្រុង ( ផ្លូវលេខ៩៤ ) រហូតដល់ខាងមុខព្រះបរមរាជវាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) នឹងដាក់ឱ្យដំណើរការសាកល្បងតែ០២ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ៕