រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមនាំយកផលិតផលខ្មែរមួយចំនួន មកដាក់តាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street)

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល លោក និងលោកស្រី ចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើងជាងសប្តាហ៍មុនទៅទៀត។

លោក ឃួង ស្រេង ថា «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្តមកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ»។

លោក សង្ឃឹមថា ដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយ។ ជាមួយគ្នានេះ ឯកឧត្តម បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះនៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។

ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍។

លោក ឃួង ស្រេង ថា «ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះជូនពួកគាត់កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ»៕