
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរសង្កាត់ខណ្ឌ និងប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់មូសចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។

ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋទើបលោក ឃួង ស្រេង ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាលើកទី២ទៀត។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដកបទពិសោធន៍ នៃដំណើរសាកល្បងផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបន្តទៀតថា លោក ឃួង ស្រេង តែងបានគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករា ឆ្នាំ២០២៥កន្លងមកនេះ លោកបានណែនាំឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ហើយនៅដើមកុម្ភៈនេះដែរ លោកអភិបាលបានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាលើកទី២ទៀត ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើនទៀត ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះ គឺធ្វើទូរទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំកន្លងមកវាបានងាប់អស់ហើយ ប៉ុន្តែមូសដែលកើតមានបន្តបន្ទាប់នេះ គឺវាកើតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកើតចេញបន្ត៕


Leave a Reply