ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អង្គុយកៅអីមេឃុំ សាកល្បងធ្វើមេឃុំដឹកនាំកិច្ចប្រជុំ នៅសាលាឃុំពាមឯក ដើម្បីស្វែងយល់ពីការងារថ្នាក់ក្រោមជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អង្គុយកៅអីមេឃុំ សាកល្បងធ្វើមេឃុំដឹកនាំកិច្ចប្រជុំ នៅសាលាឃុំពាមឯក ដើម្បីស្វែងយល់ពីការងារថ្នាក់ក្រោមជាតិ

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងស្វែងយល់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នាព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្តឆៀងចូលសាលាឃុំពាមឯក អង្គុយកៅអីមេឃុំ សាកល្បងធ្វើមេឃុំដឹកនាំកិច្ចប្រជុំ នៅសាលាឃុំពាមឯក ដើម្បីស្វែងយល់ពីការងារថ្នាក់ក្រោមជាតិ ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា លើកនេះឯកឧត្តម បានអង្គុយលើកៅអីអ៊ំមេឃុំ និងសាកល្បងដឹកនាំកិច្ចពិភាក្សាជាវិសាមញ្ញជាមួយលោកអ៊ំមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ហើយក៏រីករាយដែលនៅក្បែរតុប្រជុំ មានជំនួយការឃុំ ចំនួន ២រូប បានចូលរួមស្ដាប់ពីកន្លែងប្រចាំការនៃយន្តការច្រកចេញចូលតែមួយឃុំ។

ឯកឧត្តមអភិ បន្តថា ទោះមិនបានណាត់គ្នាមុន តែប្រធានបទនៃកិច្ចពិភាក្សាហាក់ដូចជាប្រទាក់ក្រឡាគ្នា។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រើប្រាស់ថវិកាមូលនិធិឃុំ ការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រព្រឹត្តទៅនៃយន្តការច្រកចេញចូលតែមួយឃុំ ការចូលរួមរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន រួមទាំងសេចក្ដីត្រូវការរបស់យុវជន គឺជាប្រធានបទនៃកិច្ចពិភាក្សា។ 

ជាកិច្ចបញ្ចប់ រាល់មតិយោបល់របស់អង្គប្រជុំដែលពាក់ព័ន្ធនឹងគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឯកឧត្តមអភិ បានចាត់ទុកថា ជាធាតុចូលសម្រាប់កិច្ចពិភាក្សានិងតម្រង់ទិស ក្នុងសន្និបាតក្រសួងមហាផ្ទៃខាងមុខនេះ។ ឯកឧត្តម បានលើកទឹកចិត្តគ្រប់តួអង្គនៃឃុំពាមឯក រួមទាំងឃុំ សង្កាត់ផ្សេងទៀត ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខ្លួនប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕