
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប មានទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សម្ភោធដាក់ឱ្យដំណើរការក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយាងនិមន្តប្រោះព្រំពរជ័យបន្ថែមពីសម្ដេចព្រះព្រហ្មរតមុនី ពិន សែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ចំនួន ២ ១៧០នាក់។

លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា ទីស្នាក់ការធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់រិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការផ្តល់សេវាលិខិតឆ្លងដែននៅខេត្តសៀមរាបនេះ មានគោលបំណងបង្ខិតសេវានោះឱ្យកាន់តែកៀកប្រជាពលរដ្ឋ។

ឯកឧត្តម បន្តថា ពលរដ្ឋខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត អាចមកស្នើសុំសេវានៅសៀមរាបបាន ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល។ សម្រាប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ មន្ត្រីជំនាញ នឹងបើកទ្វារទីស្នាក់ការនេះសម្រាប់តែផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែនជូនអ្នកមកទទួលសេវាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងធ្វើលិខិតឆ្លងដែនធម្មតា ដែលកំពុងអនុវត្តមាន ចំនួន ៦ រួមមាន៖ នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន ២ សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម៕


Leave a Reply