ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម 

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក។

តាមរបាយការណ៍របស់នាយកដ្ឋាន ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ថ.ប.ហ ភេទប្រុស ជនជាតិខ្មែរ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពបង្កើត និងលួចទំព័រហ្វេសប៊ុកជាច្រើនដោយមានចេតនាស្វែងរកប្រយោជន៍ទុច្ចរិត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់គេហទំព័របណ្ដាញសង្គមផ្សេងៗ ពីជនមិនស្គាល់អត្តសញ្ញាណ និងពុំមានប្រពភច្បាស់លាស់ អាចបណ្ដាលឲ្យបាត់បង់គេហទំព័រ ដែលជាអត្ដសញ្ញារបស់ខ្លួន និងអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ផ្សេងៗទៀតផង ៕ រាជសីហ៍ ០៤