រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ៖ ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈជូនពលរដ្ឋ កាន់តែរហ័ស និងមានតម្លាភាព

ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈ ជូនជាពលរដ្ឋកាន់តែរហ័ស មានតម្លាភាព និងត្រឹមត្រូវ ខណៈថ្នាលចំនួន ៥ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យក រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ជាតួអង្គសំខាន់នៅក្នុងក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានសម្រេចកិច្ចការអាទិភាព ដូចជា ៖ មាន និងកៀគរមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ៤៩០នាក់ ដែលកំពុងបំពេញការងារនៅក្រសួង ផ្តោតការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម សន្សំសំចៃពេលវេលា ផ្តល់សេវាឆាប់រហ័ស កាត់បន្ថយការចំណាយទាំងថវិកាជាតិ និងថវិកាប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈ តម្លាភាពនិងការទទួលខុសត្រូវ។

លោករដ្ឋមន្ត្រី បានថ្លែងថា នៅពេលដ៏ខ្លីខាងមនេះ ការអភិវឌ្ឍថ្នាល DG Super App ជាថ្នាលដែលមានសមត្ថភាពខ្ពស់ ដែលអាចប្រមូលផ្ដុំថ្នាល និងកម្មវិធីឌីជីថលតូច ធំ (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ ដើម្បីឱ្យប្រតិបត្តិការ និងការស្នើសុំសេវាសាធារណៈបានកាន់តែឆាប់រហ័ស ងាយស្រួល សាមញ្ញ មានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយការចំណាយនានា។ ថ្នាល DG SuperApp នឹងជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋភិបាលឌីជីថល និងការធ្វើឌីជីថលូបនីយកម្មលើការផ្តល់សេវាសាធារណៈនៅកម្ពុជាពី៣ ទៅ៥ដង៕