
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ក្នុងវិស័យសន្តិសុខ និងការពារជាតិ កម្ពុជា-ឡាវ បន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ លោកនាយករដ្ឋមន្រ្តី ចំពោះ ជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈលំបាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេច មិនស្ថិតក្នុងរាជរដ្ឋាភិបាល សម្តេច មានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព បងប្អូនល្អនៃប្រទេសយើងទាំងពីរ និង ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

សម្តេចតេជោ បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាង បក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។
នាឱកាសនោះ សម្តេចតេជោ ក៏បានលើកជាអនុសាសន៍ថា «ប្រទេសយើងទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតំាងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខនិងការពារជាតិ»។ សម្តេចតេជោ ក៏សង្ឃឹមថា «ជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាបងប្អូនល្អរបស់ប្រទេសយើងទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ»។ សម្តេច បានបន្ថែមថា «នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសយើងទាំងពីរត្រូវយកចិត្តទុកដាក់ និង បន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ»។

ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តីឡាវ បានថ្លែងអំណរគុណ សម្តេច ចំពោះវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានភាពជិតស្និទ្ធ និង គាំទ្រគ្នាទៅវិញទៅមក។ លោក ក៏សូមថ្លែងអំណរគុណការសួរសុខទុក្ខរបស់ សម្តេចបវរធិបតី និងគូសបញ្ជាក់ថាទំនាក់ទំនងទ្វេភាគី នឹងនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជនទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។ លោក បានស្នើឱ្យភាគីប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង៕

Leave a Reply