ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងទៅកាន់អ្នកចូលរួមរាប់រយនាក់ដែលសុទ្ធសឹងជាមន្រ្តីជំនាញខាងវប្បធម៌ ថា ប្រទេសកម្ពុជា វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបីដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិនិងប្រជាជន ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលសន្នសីទចតុមុខ លោកស្រី រដ្ឋមន្រ្តីបា នបន្តថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅការការពារអត្តសញ្ញាណជាតិមួយមុខនោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម វប្បធម៌ ។

លោកស្រី រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់ ។កិច្ចសហការប្រមូលផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុត ដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក ។ នេះជាអ្វីដែលលោកជំទាវរដ្ឋមន្រ្តីបានជឿជាក់។

លោកស្រី បន្ថែមថា កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលយើងកំពុងរៀបចំតម្រង់ទិស ទាំងយន្តការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់ការអនុវត្តការងារ ការកសាង ធនធានមនុស្ស ទម្រង់នៃកិច្ចសហការជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយវិស័យឯកជន ព្រមទាំងលទ្ធផលសម្រេចបានកន្លងមក និងទៅអនាគត នឹងក្លាយជាមរតក ទុកជូនជនបន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្កលក្ខណៈអនុគ្រោះ និងតម្រាយផ្លូវដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារសម្រាប់វិស័យសិល្បៈវប្បធម៌ ៕


Leave a Reply