ចិន ផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារ ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់រយៈពេល ១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦)។

ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ ខេត្ត រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។

យោងតាមទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា បានបញ្ជាក់ថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួន ដូចជា៖

១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលចិន «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹងនឹងនេះ បើគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផល ដូចជា៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់, ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕