
ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានរួមគ្នាដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជនជាដើម។ នេះបើតាមការប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ០៥ កុម្ភៈនេះ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ និងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។ វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។

លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ សមាគម ក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោត លើស្ត្រី និងសហគមន៍ជនបទ តាម
រយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលច្រើនលើសលុប។
លោកជំទាវ ឌិត នីតា បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែង

កសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្តល់ ឱកាស ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផល ហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ»។
គួរសម្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធានាថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម៕

Leave a Reply