
សមាគមទេវ សក្ខី ភគវន្ត ដឹកនាំដោយបុគ្គលឈ្មោះ ថង ប៊ុនថេង បានរិះគន់ថា បួសជាសង្ឈជាបន្ទុករបស់ពលរដ្ឋ និងថា ព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។ ក្រោយមកក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញពីបញ្ជីសមាគម។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឱ្យសមាគមទេវ សក្ខី ភគវន្ត បញ្ឈប់សកម្មភាពផ្សព្វផ្សាយព្រះធម៌ ទាំងនៅតាមមូលដ្ឋាន និងតាមបណ្តាញសង្គម ដោយបុគ្គល ថង ប៊ុនថេង ថា សក្ខី ភគវន្ត បើមិនដូច្នេះទេនឹងចាត់វិធានការច្បាប់។
ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគមស្របតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ការលុបឈ្មោះសមាគមនេះចេញពីបញ្ជី ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាក់ថា ដោយកន្លងមក សមាគមទេវ សក្ខី ភគវន្ត បានធ្វើសកម្មភាពផ្សព្វផ្សាយព្រះធម៌ព្រះសម្មាសម្ពុទ្ធនៅតាមបណ្តារាជធានី-ខេត្ត និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម។

ដោយមានបុគ្គល ថង ប៊ុនថេង ដែលតាំងខ្លួនជាសាស្តាភគវន្ត ជាអ្នកសម្តែងធម៌ទេសនាដល់សមាជិកសមាគម និងមហាជនទូទៅ បានធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា ដែលត្រូវបានធានាការពារដោយមាត្រា ៤៣នៃរដ្ឋធម្មនុញ្ញ ព្រមទាំងបានប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ គម្ពីរព្រះត្រៃបិដក និងពោលមូលបង្កាច់ព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ ជាដើម។
ក្រោយមានសកម្មភាពផ្សព្វផ្សាយ និងការលើកឡើងបែបនេះ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចសង្ឃទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់។ ខណៈកន្លងទៅ ក្រសួងធម្មការ និងសាសនា ក៏បានកោះហៅបុគ្គល ថង ប៊ុនថេង និងតំណាងសមាគមនេះ ឱ្យចូលប្រជុំ និងឱ្យសូមទោសចំពោះពាក្យសម្ដីរបស់ខ្លួនផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការទប់ស្កាត់បញ្ឈប់នូវរាល់សកម្មភាពធ្វើការផ្សព្វផ្សាយព្រះធម៌ព្រះសម្មាសម្ពុទ្ធ ដោយបុគ្គល ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត នៅតាមមូលដ្ឋាន និងនៅលើបណ្តាញគេហទំព័ររបស់សមាគមទេវ សក្ខី ភគវន្ត។ ក្នុងករណីសមាគមមិនអនុវត្តតាម ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមច្បាប់ជាធរមាន៕

Leave a Reply