សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋ គឺជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ការធ្វើពិពិធកម្មផលិតកម្មគឺជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹងនិងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាលគឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល»។ 

សម្តេចបវរធិបតី ក៏បានអបអរសាទរចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំនិងដម្លើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដម្លើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។ 

សម្តេចបវរធិបតី នាយករដ្ឋមន្ដ្រី បានគូបញ្ជាក់ថា «ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក»៕