
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៦៨គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។

បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារ អាមេរិក ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០%។ គម្រោងវិនិយោគ ទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់៕



Leave a Reply