ពលរដ្ឋខ្វះខាត ៥០០គ្រួសារដំបូង ទទួលបានដីពីរដ្ឋាភិបាល

តាមគម្រោងរដ្ឋាភិបាល ចាប់ផ្តើមទទួលពាក្យរបស់ប្រជាពលរដ្ឋក្រីក្រ ស្នើសុំដីសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងសង់លំនៅឋាន ចាប់ពីខែកុម្ភៈនេះតទៅ។

កាលពីចុងខែមករា សម្តេច នាយករេដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីផ្តល់ដីនេះ មិនត្រឹមតែបានជួយដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមការការពារ និងអភិរក្សព្រៃឈើផងដែរ។

ទោះយ៉ាងណាគិតត្រឹមថ្ងៃអង្គារនេះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា គណៈកម្មាធិការជាតិ(ផកអ) មិនទាន់បង្ហើបអំពីចំនួនពលរដ្ឋស្នើសុំដីព្រៃនៅឡើយ ដោយលទ្ធផលនៃការស្នើសុំរបស់ប្រជាពលរដ្ឋនឹងបង្ហាញឲ្យដឹងជាផ្លូវការនាពេលឆាប់ៗនេះ។

រដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងការងារអនុវត្តផ្តល់ដីក្នុងជំហានទី១ ចាប់ផ្តើមនៅចំណុចអូរសែវ ភូមិហាសារ៉ាត ជុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយផ្តល់ដីជូនពលរដ្ឋក្រីក្រពិប្រាកដចំនួន ៥០០ គ្រួសារ ក្នុង១គ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំ៣ហិកតា។

តាមផែនការសម្រាប់ជំហានបន្ទាប់ នឹងផ្តល់ជូនចំនួន ៥០០គ្រួសារបន្ថែមទៀត នៅទីតាំងដដែលនេះ ដែលមានទំហំសរុបជិត១ម៉ឺនហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។

គួរសម្គាល់ថា គណៈកម្មាធិការជាតិ មានសិទ្ធិពិនិត្យលុបចោលការសម្រេច កែសម្រួលផែនការប្រើប្រាស់ដី បែងចែកដី និងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដី។

បើតាមគណៈកម្មាធិការជាតិ  ក្រោយពេលប្រគល់ដីហើយ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រៀបចំអភិវឌ្ឍសហគមន៍ឱ្យមាននិរន្តរភាព ដោយមានយន្តការគ្រប់គ្រង ថែទាំ គាំពារ និងតម្រង់ទិសជាប្រចាំ។លើសពីនេះទៀត លើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើននូវសមត្ថភាពជំនាញ ការបង្កបង្កើនផល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងដាំព្រៃឡើងវិញទៀតផង៕