រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានលើកឡើងបែបនេះ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មានការអញ្ជើញចូលរួមពី លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ជាច្រើនរូប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១) ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវា លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧។ 

លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ទន្ទឹមនឹងនេះ ក្រសួង នឹងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាពីផ្លូវគោក ដែលជាសមិទ្ធផលមានស្រាប់ភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវដែក និងផ្លូវទឹក គឺជាគម្រោងដ៏សំខាន់ដែលក្រសួងត្រូវយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះ»។

លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងអស់នេះ និងការរួមសហការគ្នាបានយ៉ាងល្អពុះពារជម្នះនូវរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារ ជំនាញ រហូតឈានទៅសម្រេចបានជោគជ័យ ឆ្លើយតបបានតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ផែនការគោលនយោបាយរបស់អាជ្ញាធរខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដែលបានប្រគល់ជូន៕