ស៊ីម៉ាក់ ផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ខេត្តចំនួន ៨ ព្រោះដៃគូផ្តល់ជំនួយ ត្រូវបានរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ ក្នុងក្របខណ្ឌទូទាំងពិភពលោក

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ស៊ីម៉ាក់ ផ្អាកប្រតិបត្តិការបណ្ដោះអាសន្នចំនួន ៨៥ថ្ងៃ ក្នុងខេត្តចំនួន ៨ ដោយសារដៃគូផ្តល់ជំនួយ ត្រូវបានរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ ក្នុងក្របខណ្ឌទូទាំងពិភពលោក។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ហេង រតនា បានបញ្ជាក់ថា «ខ្ញុំ ក្នុងនាមអង្គភាពស៊ីម៉ាក់ មានសេចក្តីសោកស្តាយ សូមជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាន នៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល ៨៥ថ្ងៃ គិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី»។

លោក បន្ដថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក។ ក្នុងនោះ ក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។ 

សូមរំលឹកថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ 

បើគិតក្នុងរយៈពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧.០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។ 

ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់ របស់អង្គភាពស៊ីម៉ាក់ និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំបាច់៕