
ក្រុមអាជ្ញាធរបាននិយាយថា ផ្នែកខាងក្រោយនៃយន្តហោះដឹកអ្នកដំណើរមួយបានឆេះនៅអាកាសយានដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ២៨ មករា ដោយបង្ខំឱ្យមានការជម្លៀសមនុស្ស១៧៦នាក់ នៅលើយន្តហោះ។

ក្រសួងដឹកជញ្ជូនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan គ្រោងនឹងហោះហើរទៅកាន់ទីក្រុងហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ គីមហេ (Gimhae) នៅភាគអាគ្នេយ៍ទីក្រុង Busan ប៉ុន្តែបានឆេះនៅម៉ោងប្រហែល១០និង១៥នាទីយប់ ម៉ោងក្នុងស្រុក។

ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិបាននិយាយថា យន្តហោះនេះបានផ្ទុះនៅផ្នែកខាងក្រោយ អ្នកដំណើរសរុប១៦៩នាក់ និងអ្នកធ្វើការលើយន្តហោះត្រូវបានជម្លៀសចេញ។ មនុស្សបីនាក់បានរងរបួសស្រាលក្នុងអំឡុងពេលជម្លៀស។ ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១១និង៣១នាទីយប់ម៉ោងក្នុងស្រុក ។

គួរឲ្យដឹងថាប្រទេសកូរ៉េខាងត្បូងបានទទួលរងគ្រោះមហន្តរាយអាកាសចរណ៍ដ៏ធ្ងន់ធ្ងរបំផុតនៅលើទឹកដីរបស់ខ្លួនកាលពីខែមុន នៅពេលយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលហោះហើរពីប្រទេសថៃទៅកាន់ទីក្រុងមួអាន(Muan) កាលពីថ្ងៃទី២៩ខែធ្នូ បានផ្ទុះឆេះ សម្លាប់មនុស្ស ១៧៩នាក់ បន្ទាប់ពីបានបុកជញ្ជាំងបេតុង៕

Leave a Reply