
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ពោលគឺមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។

លោកបណ្ដិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តគំរូនិងដំបូងគេ គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីសាធារណៈ។
លោករដ្ឋមន្រ្តីបានថ្លែងជំរុញឱ្យមានការចូលរួមអនុវត្តវិធានការកុំយ៉ាងគឺ កុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ «ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។ មានប្រសាសន៍បន្ថែមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។

លោកបានបន្ថែមថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់នេះមានជាអាទិ៍៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

លោកបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា៖ ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមាន បញ្ហាខ្យល់ពុលខ្លាំង ដូចគ្នាដែរកុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការច្បាប់ លើរោងចក្រដែល បានដុតកម្ទេចក្រណាត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ជាពិសេសគុណភាពខ្យល់ ។ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់អនុវត្តន៍សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្រង់បានតាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ ពីឧបករណ៍និងស្ថានីយ ដែលបានតម្លើងទូទាំងប្រទេស បានបង្ហាញថាកំហាប់ភាគល្អិតនិចលPM2.5 គិតជាមធ្យម ស្មើនឹង ៣៥.២៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។ ជាមួយគ្នានេះ ចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល បានបង្ហាញថាគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត ស្ថិតនៅក្នុងកម្រិតល្អប្រសើរ ធៀបទៅទឹងស្តង់ដារគុណភាពខ្យល់សាធារណៈ៕


Leave a Reply