
ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងកាសែតអនឡាញ ២នាក់ ពាក់ព័ន្ធករណីយកវីដេអូធ្វើទារុណកម្មនៅបរទេស មកផ្សាយបំភ្លៃការពិត ថា កើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទង្វើធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសជាតិ។

បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ។

ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់ដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបង បានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕

Leave a Reply