
មន្ត្រីជាប់កិច្ចសន្យាចំនួន ២រូប នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះតែពួកគេបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះចំនួន២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះជួបថ្នាក់ចរាចរណ៍ទៅផ្ទះ។

តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះថា មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបទី១ឈ្មោះ៖ លោក វៃ វ៉ាន់ ភេទ ប្រុស អាយុ៤៧ឆ្នាំ និងទី២លោក យ៉េង វណ្ណៈ ភេទ ប្រុសអាយុ៣៥ឆ្នាំ អ្នកទាំងពីបច្ចុប្បន្នជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅមណ្ឌលសុខភាពចាក់អង្រែ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះ គឺដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ។

គួរំលឹកដែលថា កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តford ranger មួយគ្រឿងបត់ឆ្លងផ្លូវ បុកជាមួយម៉ូតូម៉ាកhonda beatពីចំហៀងរថយន្ដយ៉ាងពេញទំហឹងបណ្តាលឱ្យបុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅទល់មុខ ច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបាន ត្រូវបានរថយន្តសង្គ្រោះ របស់មណ្ឌលសុខភាពចាក់អង្រែដឹកយកទៅផ្ទះជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply