
ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ គិតពីឆ្នាំ ២០១៦ រហូតមកដល់ ឆ្នាំ២០២៤ ការងារសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅទូទាំងខេត្តពោធិ៍សាត់បានសម្រេចការសាងសង់ផ្ទះចំនួន ៩៤២ខ្នង ដែលបានផ្តល់ជូនអតីតយុទ្ធជន។ នេះបើតាមរបាយការណ៍របស់អភិបាលខេត្តពោធិ៍សាត់ក្នុងឱកាសអញ្ជើញចូលរួម សម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

ឯកឧត្តម ខូយ រីដា បញ្ជាក់ថា៖« ក្នុងចំណោមផ្ទះជាង ៩០០ ខ្នងនោះ ផ្ទះចំនួន ៦២៨ ខ្នង ត្រូវបានសាងសង់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង សម្រាប់ផ្តល់ជូនបងប្អូនអតីតយុវជន គ្មានដី ផ្ទះ ដែលធ្លាប់រស់នៅលើដីសាធារណៈ»។
គួររំឭកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបានបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ផ្ទះដែលបានសងសង់ជូននេះ មានថែមដំបូលខាងក្រោយ អណ្តូងទឹក និងបន្ទប់ទឹក ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃ២២ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រគល់ចុងក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តកិច្ចការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើជូននូវសេវាសាធារណៈរួមមានសាងសង់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងដាក់បង្គោលសូឡា ជាដើម។

សូមបញ្ជាក់ថា អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់សរុប ៥៥០៨ នាក់ និងមានជនពិការ ១៦៧៥នាក់ និវត្តន៍ជន ១៤៩៤ នាក់ ជនបាត់បងវិសមត្ថភាពការងារ ៥៦នាក់ គ្រួសារពលី ១៣២៤ នាក់ និងគ្រួសារមរណៈចំនួន ១៥៤ នាក់៕

Leave a Reply