
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីចែកអំណោយជូនពលរដ្ឋចំនួន ៣០០គ្រួសារ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងថា «ក្រោយចប់សង្រ្គាមស៊ីវិលពលរដ្ឋកម្ពុជាធ្វើស្រែដើម្បីហូប បច្ចុប្បន្ន ពលរដ្ឋយើងធ្វើស្រែដើម្បីនាំចេញទៅក្រៅប្រទេស»។

ឯកឧត្តម ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ថ្លែងក្នុងឱកាសនោះថា ក្រោយសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាយើងខ្វះខាតស្រូវអង្ករ។ ដូច្នេះការដាំដុះ ទោះបីពូជស្រូវអីក៏ដោយ ឱ្យតែបានហូប គឺត្រេកអរពេកណាស់ហើយ ក្នុងនោះក៏មានក្រុមគ្រួសារខ្ញុំ និងថ្នាក់ដឹកនាំយើងផងដែរ។ និយាយរួមគឺយើងធ្វើស្រែដើម្បីហូបសម្រាប់គ្រួសារយើង និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយើង មិនខ្វល់ថាអង្ករឆ្ងាញ់ ទន់ក្រអូបអីទេ ធ្វើយ៉ាងណាឱ្យតែបានហូបគ្រប់គឺអស្ចារ្យហើយ។

ឯកឧត្តមបណ្ឌិត បន្តថា ប៉ុន្តែបច្ចុប្បន្ន សភាពការណ៍ផ្លាស់ប្ដូរ យើងធ្វើកសិកម្ម មិនមែនសម្រាប់តែហូបឬប្រើប្រាស់ក្នុងស្រុកទេ តែសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ ដូច្នេះការដាំដុះត្រូវធ្វើតាមទំនោរនៃទីផ្សារ ការនិយមចង់បានរបស់អ្នកទិញដើម្បីបានតម្លៃខ្ពស់។

សម័យកាលនេះ ស្រុកយើងកាន់តែរីកចម្រើន កសិករយើងងាកពីការធ្វើកសិកម្មពឹងផ្អែកលើកម្លាំងសត្វគោក្របី មកប្រើកម្លាំងម៉ាស៊ិនជំនួស យើងមានត្រាក់ទ័រភ្ជួរដី មានគោយន្តច្រូតកាត់ ដឹកជញ្ជូន មកពីស្រែ បានស្រូវច្រកការ៉ុងតែម្ដង។


ដោយសារតែយើងមានថ្នាក់ដឹកនាំល្អ ប្រកបដោយព្រហ្មវិហារធម៌ ស្រឡាញ់ប្រជាពលរដ្ឋទុកដូចជាកូនចៅ គឺពិតជាសំណាងណាស់។ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល លោកនៅតែបន្តវប្បធម៌ដ៏ល្អផូរផង់ យកចិត្តទុកដាក់លើបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Leave a Reply