រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ មន្ត្រីគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពជានិច្ច ក្នុងដំណាក់កាលរីកចម្រើនបញ្ញាសប្បនិម្មិត (AI)

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ កាន់តែស្រួចស្រាវនៅក្នុងដំណាក់រីកចម្រើនបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូច្នេះ មន្ត្រីព័ត៌មាន ត្រូវត្រៀមខ្លួនឱ្យជាប់ជាប្រចាំ និងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធ្វើឡើងក្តាប់ព័ត៌មាន បញ្ជូនព័ត៌មានពិតទៅដល់ដៃប្រជាពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយប្រើសំឡេង រូបភាព បង្កើតសារក្លែងក្លាយមករំខានក្នុងវិស័យសារព័ត៌មាន។

ការលើឡើងបែបនេះរបស់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខណ្ឌនេះក្រសួងស្ថាប័ននីមួយៗ ក៏មានផ្នែករបស់ខ្លួន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីឆ្លើយតប បំភ្លឺ និងពន្យល់ចំពោះព័ត៌មានក្លែងក្លាយ ដែលបានចេញផ្សាយវាយប្រហារ ចោទប្រកាន់មកលើស្ថាប័ន ឬវិស័យពាក់ព័ន្ធរបស់ខ្លួន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា «ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ក្នុងក្របខណ្ឌ ស្ថាប័នក្រសួងស្ថានប័ន ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពីព្រោះថាដោយសារបច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើន ក្នុងនោះអ្វីដែលយើងសង្កេតគឺពាក់ព័ន្ធជាមួយ មធ្យោបាយក្នុងនោះព័ត៌មានវិទ្យា និងល្បឿននៃការបញ្ជូនព័ត៌មាន, ពិសេសជាងនេះទី២ ដែលយើងប្រឈមនៅរយៈពេលខាងមុខ គឺការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺសញ្ញាសប្បនិម្មិត (AI) ដែលថាតើកម្រិតនោះនឹងចូលរំខានក្នុងវិស័យព័ត៌មានរបស់យើងពោល គឺក្នុងព័ត៌មាន និងសោតទស្សន៍ ក្នុងកម្រិតណា»៕