
សៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តនឹងរៀបចំផែនការព្រឹត្តិការណ៍នានា និងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាម តម្រូវការចាំបាច់ ដើម្បីជំរុញវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត។

ការលើកឡើងយ៉ាងដូច្នេះរបស់ លោក ប្រាក់ សោភ័ណ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ដ និងនាយក នាយករងរដ្ឋបាលខេត្តព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងវិស័យឯកជនចូលរួមផងដែរ។

លោក ប្រាក់ សោភ័ណ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម និងសេដ្ឋកិច្ច។

ឯកឧត្តម បន្តថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥នាពេលនេះ គឺជាយន្តការ ការងារសម្រាប់យើងធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក បន្ថែមថា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ដ និងគណៈអភិបាលក្រុង ស្រុក ព្រមទាំងមន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

លោក បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំវិញខេត្ដ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្ដ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលបានខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដរយៈពេលពេញ ១ឆ្នាំ ក្នុងការអនុវត្ដនូវតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ដែលបានកំណត់។

លោក បញ្ជាក់ថា ស្របពេលជាមួយនឹងសមិទ្ធផលជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាន ហើយក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សម្រាប់អនុវត្ដបន្ដឱ្យទទួលបាននូវជោគជ័យក្នុងឆ្នាំ២០២៥នេះផងដែរ៕

Leave a Reply