
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាត់វិធានការខ្លាំងក្លា ដើម្បីបង្ក្រាបការលេងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរស័ព្ទ ដោយជំរុញឱ្យប្រទេស «ពាក់ព័ន្ធ» ផ្តល់ការទទួលខុសត្រូវរបស់ពួកគេ។

លោក Wang និយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថា «ករណីល្បែងស៊ីសងតាមអ៊ីនធឺណិតជាបន្តបន្ទាប់ និងការឆបោកតាមទូរស័ព្ទ នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាបានគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចិន និងប្រទេសដទៃទៀត»។
លោកបានប្រាប់កិច្ចប្រជុំដ៏កម្រមួយជាមួយប្រេសិតប្រចាំតំបន់ថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តច្បាប់ និងសន្តិសុខ ដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពដែលប្រជាជនគ្រប់ជាតិសាសន៍អាចធ្វើដំណើរបាន។

សំណើរបស់ចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការគំរាមកំហែងដែលកំពុងកើនឡើងដែលបង្កឡើងដោយការក្លែងបន្លំតាមទូរគមនាគមន៍ និងការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សំណើនេះក៏បង្ហាញផងដែរនូវភាពបន្ទាន់ថ្មីមួយពីទីក្រុងប៉េកាំង ដើម្បីជំរុញការសម្របសម្រួលជាមួយក្រុមប្រទេសអាស៊ានទាំង១០ ដែលរួមមានមីយ៉ាន់ម៉ា និងថៃ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងព្រំដែន។

ភ្ញៀវទេសចរចិន ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅទូទាំងតំបន់មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភអំពីការជួញដូរ និងរឿងរ៉ាវដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន របស់អ្នកដំណើរដែលត្រូវបានក្រុមជនពាលចាប់ឃុំខ្លួន អាចរារាំងពួកគេមិនឱ្យទៅលេងនៅទីនោះ។

ក្នុងករណីដ៏ល្បីមួយថ្មីៗនេះ តារាសម្ដែងចិនម្នាក់ដែលបានបាត់ខ្លួនកាលពីដើមខែមករា នេះ ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ត្រូវបានរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា។ ខណៈប៉ូលិសថៃបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេជឿថា តារាសម្ដែងចិនឈ្មោះ Wang Xing គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស។
បើតាមក្រសួងសន្ដិសុខសាធារណៈរបស់ចិន បានឱ្យដឹងថា ជារឿយៗ ក្រុមឆបោកក្រៅប្រទេស បានព្យាយាមបោកប្រាស់ពលរដ្ឋចិនជាមួយនឹងការសន្យាពាក់ព័ន្ធនឹងការងារដែលមានប្រាក់ខែខ្ពស់ អាហារឆ្ងាញ់ៗ ផ្ដល់កន្លែងស្នាក់នៅ និងការចេញថ្លៃសំបុត្រយន្ដហោះសម្រាប់ធ្វើដំណើរ ប៉ុន្ដែជនរងគ្រោះមួយចំនួនតែងជួបឃុំ និងការបង្ខិតបង្ខំឱ្យធ្វើការងារខុសច្បាប់នៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ទៅវិញ។
សូមជម្រាបថា កាលពីឆ្នាំ២០២៤ ប្រទេសថៃ បានជួយសម្របសម្រួលដល់ការនិរទេសជនជាតិចិនប្រហែល ៩០០នាក់ដែលជាប់ឃុំឃាំងនៅក្នុងមជ្ឈមណ្ឌលឆបោកនៅក្នុងទីក្រុង Myawaddy ខណៈឆ្នាំ២០២៣ ប្រទេសមីយ៉ាន់ម៉ា បានប្រគល់ជនសង្ស័យដែលជាជនឆបោកតាមប្រព័ន្ធទូរគមនាគមន៍ចំនួន ៣១,០០០នាក់ទៅកាន់ប្រទេសចិនផងដែរ៕

Leave a Reply