
ក្នុងរយៈ ពេល១ឆ្នាំមកនេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការបានទទួលសំណើសុំអន្តរាគមន៍លើសំណុំរឿងក្តីពីប្រជាពលរដ្ឋបានចំនួន ២ ៤១៣ ករណីដែលគិតជាមធ្យមចំនួនស្នើសុំនេះមានអត្រាប្រមាណ ៦.៥២ សំណើក្នុងមួយថ្ងៃដែល មានចំនួនថយចុះបើធៀបនឹងការចាប់ផ្តើមដំបូងមានរហូតដល់ ១១ ឬ១២សំណើក្នុងមួយថ្ងៃ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាក្រសួងយុត្តិធម៌ និងជាប្រធាន លេខាធិការដ្ឋាននៃ គណៈកម្មការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅ តាមតុលាការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនៅ ក្នុងសន្និសីទសារព័ត៌មានអំពី“លទ្ធផលរយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលា ការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តម កេង សុម៉ារិទ្ធ បានលើកឡើងថា រាល់សំណើដែលទទួលបានទាំងគណៈកម្មការជំនា ញបានពិតិន្យ ប្រមូលព័ត៌មានរួចហើយបានទាក់ទងទៅម្ចាស់សំណើវិញគឺមានសំណើចំនួន១៧ មិនមានព័ត៌មានគ្រប់គ្រាន់ និងមិនអាចចាត់ការបាន។ ទន្ទឹមនេះ ក៏មានសំណើរសុំអន្តរាគមន៍ចំនួន ២ ៣៤៦ ករណី បានពិនិត្យឃើញមានមូលដ្ឋានគ្រប់គ្រាន់ និងបានបញ្ជូនទៅកាន់យុទ្ធនាការពាក់ព័ន្ធ ទាំងពីរ ដែលនៅក្នុងនោះបានបញ្ជូនទៅយុទ្ធនាការ ជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការសរុបចំនួន ១ ១៧៥ ករណី ស្មើនឹង៤៩.០% នៃចំនួនស្នើសុំអន្តរាគមន៍។ លើសពីនេះក៏បានបញ្ជូនទៅកាន់គណៈកម្មការយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការមាន ពាក្យបណ្តឹងសរុបចំនួន ១ ២២១ ករណី ស្មើនឹង៥០.៩៦% នៃចំនួនបណ្តឹងសរុបទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចំពោះយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការគណៈកម្មការគណៈបញ្ជាការបានធ្វើលិខិតអន្តរាគមន៍ទៅកាន់សាលាជម្រះក្តីនិងម្ចាស់បណ្តឹ ងបានចំនួន៦៣៩ករណី ហើយមកដល់ពេលនេះតុលាការបានចាត់ការចំពោះការជំរុញនិងពន្លឿន នេះបានចំនួន ១ ១៦៣ ករណី ស្មើ៩៨.៩៨%នៃចំនួនបណ្តឹងដែលអគ្គលេខាធិការដ្ឋានទទួលបានសរុប។
ឯកឧត្តមបានបញ្ជាក់ថា៖ «ក្រោយពីតុលាការទទួលបានលិខិតស្នើសុំអន្តរាគមន៍រួចហើយតុលាការបានចាត់ការលើសំណើរនោះបានចំនួន ៦២៧ ករណី ហើយក៏មានសំណុំរឿងចំនួន ៥៣៦ ករណី ត្រូវបានតុលាការធ្វើការចាត់ដោយខ្លួនឯងផងដែរ»។ជាមួយគ្នានោះដែរឯកឧត្តមបានឱ្យដឹងដែលថា ក្នុងរយៈពេល១ឆ្នាំមកនេះក្រសួងយុត្តិធម៌ក៏បានផ្តល់សេវាមេធាវី ស្ម័គ្រដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋផងដែរ ដោយសរុបមានសំណើសុំ ពីប្រជាពលរដ្ឋមានចំនួន១៧៦ករណីនៅក្នុងសំណើសរុប១៧៨ ករណី ហើយសល់២ករណី កំពុងតែរៀបចំជូន ពួកគាត់។ ទាក់ទិននឹងការណីយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការឯកឧត្តម កេង សុម៉ារិទ្ធ ក៏បានបញ្ជាក់បន្ថែមថារយៈពេល១ ឆ្នាំមកនេះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការសាលាដំបូងនៅទូទាំងប្រទេស ទាំងសំណុំរឿងចាស់ និងថ្មី ទាំងនិងសំណុំរឿងព្រហ្មទណ្ឌ និង សំណំុរឿង រដ្ឋប្បវេណី មានចំនួន ២១ ៥១៤១ សំណុំរឿង។

បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួង យុត្តធម៌ នៅក្នុងចំនួនសំណុំរឿងនេះតុលាការ សាលាដំបូងនិងអយ្យការសាលាដំបូងនៅទូទាំងប្រទេសបានចាត់ការសំណុំរឿងបានចំនួន ១៧៨ ៧៨៩ សំណុំរឿងស្មើ៨៣.១០%នៃសំណុំរឿងសរុប។ ជាមួយគ្នានេះ នៅក្នុងសំណុំរឿងទាំងអស់នេះមានសំណុំរឿងព្រហ្មទណ្ឌមានចំនួន ៩៤ ៧៣២ សំណុំរឿង ស្មើ៨៤.៨៥% នៃចំនួនសំណុំរឿងសរុប ។ ចំពោះ សំណុំរឿងរដ្ឋប្បវេណីសាលាដំបូងបានចាត់ការចំនួន ៨៤ ០៥៧ សំណុំរឿងស្មើ៨១.២១% នៃចំនួន សំណុំរឿងរដ្ឋប្បវេណីសរុប៕
Leave a Reply