រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា

កំពង់ឆ្នាំង ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

ការណែនាំបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែ ត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ និងកិច្ចការងារព័ត៌មាននិងសាធារណមតិព្រោះក្នុងបរិបទបច្ចុប្បន្ន ការងារសាធារណមតិ កាន់តែស្រួចស្រាល ហើយក្រុមជនអគតិក៏បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើនដែលចាំបាច់យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា តួនាទីរបស់មន្ទីរព័ត៌មាន ជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួង ព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕